វត្តព្រះពុទ្ធសាសនាមួយលេចរូបរាងឡើងនៅក្នុងតំបន់ ឆ្នេរសមុទ្រ

ភាគ ៥

ដំណើរការរបស់គម្រោងសាងសង់វត្តខ្មែរកម្ពុជាក្រោម បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ។ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ សហគមន៍បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យ សម្ភោធ និងការលើកកំពូលព្រះវិហារ ដែលជាព្រឹត្តិការណ៍ដ៏វិសេសវិសាល និងជាសញ្ញានៃការឈានចូលដំណាក់កាលថ្មី ក្នុងការកសាងវត្ត ។

ពិធីនេះរៀបចំឡើងដោយកិច្ចសហការរវាងក្រុមស្ថាបត្យកម្ម អែនឌ្រូម៉ាន់ Andrew Mann Architecture (AMA) និងមូលនិធិពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) ។ អត្ថបទភាគទីប្រាំនេះ បានកត់ត្រាទុកនូវពិធីបុណ្យ ស្មារតីរួបរួមរបស់សហគមន៍ និងអត្ថន័យដ៏ជ្រាលជ្រៅនៃថ្ងៃប្រវត្តិសាស្ត្រមួយ ដែលបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យ និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់វត្តអារាមក្នុងការបម្រើព្រះពុទ្ធសាសនា និងការអភិរក្សអត្តសញ្ញាណ ខ្មែរកម្ពុជាក្រោម ។

 

Web Friendly JPG (Part V)-2.jpg
 

មុនពេលចាប់ផ្តើមពិធី

សម្រាប់ក្រុមការងារសំណង់ ព្រឹកថ្ងៃនេះគឺខុសប្លែកពីថ្ងៃធម្មតាទាំងឡាយ ។ បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ពួកគេកំពុងរៀបចំប្រគល់សមិទ្ធផលនៃការងាររបស់របស់ខ្លួនជូនសហគមន៍ ។

 
 
 
 

កំពូលព្រះវិហារត្រូវបានលាបពណ៌ និងបញ្ចប់ការតុបតែងរួចជាស្រេចមុនថ្ងៃពិធី ។ រថយន្តស្ទូចមួយគ្រឿងបានរៀបចំដាក់នៅទីតាំងក្បែរព្រះវិហារ​ ដើម្បីលើកកំពូលព្រះវិហារទៅដាក់ដំឡើងលើកំពូលអគារ ។ ការលើកកំពូលព្រះវិហារឡើង ទន្ទឹមគ្នានឹងពេលកំពុងប្រារព្ធពិធីដោយផ្ទាល់ មិនមែនជាការងារធម្មតានោះទេ ដូច្នេះគ្រប់ដំណាក់កាលទាំងអស់ត្រូវតែរៀបចំ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ជាមុន ។

 
 
 
 

នៅព្រឹកនោះ ក្រុមការងារបានសាកល្បងការលើកជាមុនម្តងសិន ដើម្បីធានាថា ឧបករណ៍ និងដំណើរការទាំងអស់មានសុវត្ថិភាព និងត្រៀមខ្លួនរួចរាល់សម្រាប់ពិធីដ៏ឧត្តុង្គឧត្តម ដែលនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ ។

 

Web Friendly JPG (Part V)-5.jpg
 

សហគមន៍ចាប់ផ្តើមមកដល់

បរិវេណវត្តដែលធ្លាប់ស្ងប់ស្ងាត់ បានប្រែក្លាយជាទីកន្លែងដ៏មានជីវិត នៅពេលសមាជិកសហគមន៍ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទពីច្រើនកន្លែង ចាប់ផ្តើមធ្វើដំណើរមកជួបជុំគ្នា ដើម្បីចូលរួមក្នុងពិធីដ៏វិសេសវិសាលមួយនេះ ។

 
 
 
 

គេឃើញក្រុមអ្នកភ្លេងបានមកដល់មុនគេ ពួកគេជាសមាជិកវង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេងបុរាណខ្មែរមានប្រវត្តិយូរលង់រាប់រយឆ្នាំ មានស្គរ គង រនាត និងឧបករណ៍ភ្លេងបុរាណផ្សេងៗ ដែលបានកំដរពិធីសាសនានៅប្រទេសកម្ពុជាអស់ជាច្រើនសតវត្សរ៍មកហើយ ។

 
 
 
 

នៅក្បែរនោះដែរ ក្រុមអ្នករបាំកំពុងស្លៀកពាក់រៀបចំខ្លួនដើម្បីសម្តែង ។ នៅក្នុងរបាំប្រពៃណីខ្មែរ គ្រប់កាយវិការ គ្រប់ចលនា និងសម្លៀកបំពាក់ទាំងអស់ សុទ្ធតែផ្ទុកនូវអត្ថន័យវប្បធម៌ដ៏ជ្រាលជ្រៅ ដែលបានបន្តស្នងពីបុព្វបុរសជាច្រើនជំនាន់មកហើយ ។ (សិល្បៈរបាំបុរាណ មិនត្រឹមតែជាការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែជាការបូជាដ៏ប្រណីតមួយ ថ្វាយចំពោះព្រះពុទ្ធសាសនា និងវប្បធម៌ជាតិ) ។

គ្រួសារទាំងឡាយបានមកដល់ជាបន្តបន្ទាប់ ដោយទឹកមុខរីករាយ និងការស្វាគមន៍គ្នាយ៉ាងកក់ក្តៅ ។ សម្រាប់ក្រុមញាតិ និងមិត្តភក្តិជិតស្និទ្ធ ជាមួយម្ចាស់មូលនិធិ នៅថ្ងៃនេះ គេគឺជាម្ចាស់កម្មវិធីដោយផ្ទាល់ ។

ព្រះសង្ឃបាននិមន្តមកដល់ជាបន្តបន្ទាប់តាំងពីព្រឹក ។ ព្រះអង្គខ្លះបាននិមន្តទស្សនាព្រះវិហារ ដែលកំពុងលេចរូបរាងយ៉ាងស្រស់ស្អាត និងពិនិត្យយ៉ាងយកចិត្តទុកដាក់នូវផ្ទាំងចម្លាក់លម្អជញ្ជាំង ដែលសុទ្ធសឹងតែចាប់ផ្តើមពីការឆ្លាក់ដោយដៃ នៅប្រទេសកម្ពុជា មុននឹងដឹកជញ្ជូនមកកាន់ទីក្រុង សានហូហ្សេ ដើម្បីបន្តការលាបពណ៌ និងតុបតែងរហូតដល់បានសម្រេចជាស្នាដៃដ៏វិចិត្រ ។

នៅពេលពិធីជិតចាប់ផ្តើម ទីធ្លាវត្តពោរពេញទៅដោយពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស និង សមាជិកសហគមន៍គ្រប់វ័យ ។ ក្នុងបរិយាកាសដ៏ឧត្តុង្គឧត្តមនេះ មនុស្សគ្រប់រូបបានដឹងថា ខ្លួនកំពុងធ្វើជាសាក្សីនៃទំព័រប្រវត្តិសាស្ត្រមួយរបស់សហគមន៍ខ្មែរក្រោម ។

 

Web Friendly JPG (Part V)-11.jpg
 

ពិធីបុណ្យ

នៅចំកណ្តាលបរិវេណនៃពិធី គឺព្រះពុទ្ធបដិមាដ៏ស្ងប់ស្ងាត់ និងស័ក្តិសិទ្ធិ ដែលត្រូវបានតុបតែងដោយទៀន ផ្កា និងគ្រឿងបូជាដ៏វិចិត្រ ។ គ្រឿងសក្ការៈបូជានីមួយៗ សុទ្ធតែជានិមិត្តរូបនៃសេចក្តីគោរព សទ្ធាជ្រះថ្លា និងចិត្តសប្បុរស ដែលពុទ្ធបរិស័ទ បាននាំមកបូជាចំពោះព្រះរតនត្រ័យ​​ ។

 
 
 
 

ផ្តើមពិធី ព្រះសង្ឃបានដឹកនាំពុទ្ធបរិស័ទសូធ្យធម៌នមស្ការថ្វាយបង្គំ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ដែលជាត្រៃសរណៈទាំងបីនៃព្រះពុទ្ធសាសនា ។ ព្រះសង្ឃចំនួន ២១ ព្រះអង្គ បាននិមន្តមកពីប្រទេសកម្ពុជា កម្ពុជាក្រោម (វៀតណាមខាងត្បូង) កាណាដា និងមកពីបណ្តារដ្ឋនានានៃសហរដ្ឋអាមេរិក ។

 
 
 
 

អង្គុយក្នុងចំណោមភ្ញៀវកិត្តិយស យើងឃើញវត្តមានរបស់អ្នកម្ចាស់ជំនួយដែលជាស្ថាបនិក និងក្រុមគ្រួសាររបស់គាត់នៅក្នុងនោះដែរ ។ វត្តអារាមដែលកំពុងលេចរូបរាងនៅថ្ងៃនេះ គឺដោយសារតែចក្ខុវិស័យដ៏វែងឆ្ងាយ ការលះបង់ដោយស្ម័គ្រចិត្ត និងការគាំទ្រយ៉ាងមុតមាំរបស់បុគ្គលទាំងអស់នេះ ។

ពិធីសូធ្យមន្ត និងប្រសិទ្ធិពរជ័យ ត្រូវបានដឹកនាំតាមប្រពៃណីព្រះពុទ្ធសាសនាថេរវាទ ។ ព្រះបរិត្តដែលព្រះសង្ឃស្វាធ្យាយគឺជាការអធិស្ឋានសុំសេចក្តីសុខ សុវត្ថិភាព និងសិរីមង្គល​ ដើម្បីញ៉ាំងឲ្យទីកន្លែងនេះក្លាយជាទីបរិសុទ្ធសម្រាប់ការប្រតិបត្តិព្រះធម៌ និងការបម្រើពុទ្ធបរិស័ទជារៀងរហូត ។

ពេញមួយពិធី សូរភ្លេងពិណពាទ្យបានបន្លឺឡើងជាបន្តបន្ទាប់ ។  សូរស្គរ គង និងរនាត ដែលបានអមជាមួយពិធីព្រះពុទ្ធសាសនាអស់ជាច្រើនសតវត្សមកហើយ បានធ្វើឲ្យបរិយាកាសកាន់តែមានភាពសុខដុមរមនា និងបង្ហាញពីអរិយធម៌ដ៏ថ្លៃថ្នូររបស់ជាតិខ្មែរ ។

នៅចំពោះមុខអាសនៈព្រះពុទ្ធ នាដការី បានសម្តែងរបាំបួងសួងតាមក្បួនរបាំព្រះរាជទ្រព្យខ្មែរ ។ គ្រប់ចលនានៃកាយវិការ សុទ្ធតែប្រកបដោយភាពប្រណីត ស្ងប់ស្ងាត់ និងមានអត្ថន័យជ្រាលជ្រៅ ។ ក្នុងទស្សនៈវប្បធម៌ខ្មែរ របាំបុរាណមិនមែនជាការកម្សាន្តទេ គឺជាការបូជាមួយប្រភេទ ដែលបង្ហាញពីការគោរព ការលះបង់ និងការបូជាសេចក្តីស្មោះស្ម័គ្រចំពោះព្រះពុទ្ធសាសនា និងមរតកវប្បធម៌របស់បុព្វបុរស ។

 

Web Friendly JPG (Part V)-17.jpg
 

ការលើកកំពូលព្រះវិហារ

ឥឡូវនេះ ពេលវេលាដែលមនុស្សគ្រប់គ្នាកំពុងរង់ចាំបានមកដល់ហើយ ក្រោមក្រសែភ្នែករបស់អ្នកចូលរួមរាប់រយនាក់ ដែលឈរមើលដោយស្ងៀមស្ងាត់ កំពូលព្រះវិហារ ត្រូវបានស្ទូចឡើងសន្សឹមៗទៅកាន់លំហមេឃ ។ បន្តិចម្តងៗ កំពូលព្រះវិហារ ក៏បានដាក់ចូលដល់ទីតាំងដែលបានកំណត់ដោយភាពច្បាស់លាស់ និងសុវត្ថិភាព ។

 
 
 
 

ក្នុងស្ថាបត្យកម្មព្រះពុទ្ធសាសនាខ្មែរ កំពូលព្រះវិហារ គឺជានិមិត្តរូបនៃភាពពេញលេញ ការបញ្ចប់ដោយជោគជ័យ និងការលើកតម្កើងគុណតម្លៃដ៏ឧត្តុង្គរបស់ព្រះធម៌ ។ កំពូលដែលចង្អុលឡើងទៅលើមេឃ គឺបញ្ជាក់អំពីការត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ។

 
 

បន្ទាប់ពីការដំឡើងបានបញ្ចប់ដោយជោគជ័យ ស្ថាបនិកវត្ត និងតំណាងព្រះថេរៈ បានឡើងទៅជួបជុំគ្នានៅជុំវិញគល់កំពូលព្រះវិហារ ដែលបានដាក់រួចរាល់ហើយ ដើម្បីស្វាធ្យាយធម៌ និងអនុមោទនាបុណ្យ  ។ ការងារជាច្រើនឆ្នាំ បាននាំមកដល់ថ្ងៃជាប្រវត្តិសាស្ត្រ ដ៏គួរចងចាំមួយនេះ ។

 

Web Friendly JPG (Part V)-20.jpg
 

ការបូជាទាន និងអាហារសាមគ្គី

បន្ទាប់ពីការលើកំពូលព្រះវិហារបានបញ្ចប់ដោយជោគជ័យ ពុទ្ធបរិស័ទបានទៅជួបជុំគ្នានៅទីធ្លាខាងក្នុងអគារ ដើម្បីទទួលទានអាហារ នៅក្នុងប្រពៃណីព្រះពុទ្ធសាសនាថេរវាទព្រះសង្ឃត្រូវបានប្រគេនភត្តាហារមុនគេ ដោយក្តីគោរព និងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ។

 
 
 
 

ក្នុងព្រះពុទ្ធសាសនា ពាក្យ "ទាន" មានអត្ថន័យលើសពីការឲ្យ ទាន គឺជាការចែករំលែក ដោយចិត្តសប្បុរស មិនរំពឹងការតបស្នង វាជាមូលដ្ឋាននៃការអប់រំចិត្ត និងជាបារមីទីមួយ ក្នុងចំណោមបារមីទាំងដប់ ដែលព្រះពោធិសត្វ និងអ្នកប្រតិបត្តិ តែងខិតខំសន្សំជានិច្ច ។ ព្រះសង្ឃមិនប្រកបរបរ ឬរកចំណូលដោយខ្លួនឯង មិនចម្អិនអាហារដោយខ្លួនឯង និងមិនសន្សំទ្រព្យសម្បត្តិឡើយ ជីវិតរបស់ព្រះអង្គគឺអាស្រ័យលើសទ្ធារបស់ពុទ្ធបរិស័ទ ដែលផ្គត់ផ្គង់នូវបច្ច័យ ៤ គឺ ចង្ហាន់ ចីវរ លំនៅឋាន និងថ្នាំព្យាបាលជម្ងឺ របៀបរស់នៅបែបនេះ បានបន្តតាំងពីសម័យព្រះសម្មាសម្ពុទ្ធរហូតមកដល់សព្វថ្ងៃ ។

 
 
 
 

ប៉ុន្តែការផ្តល់នេះ មិនមែនទាក់ទងតែមួយទិសនោះទេ​ ខណៈពុទ្ធបរិស័ទ ផ្គត់ផ្គង់បច្ច័យដល់ព្រះសង្ឃ រីឯព្រះសង្ឃក៏តបស្នងមកវិញ ដោយការបង្រៀនធម៌ ការផ្តល់ឱវាទ ការដឹកនាំផ្លូវចិត្ត និងការរក្សាព្រះពុទ្ធសាសនាឲ្យគង់វង្ស ទំនាក់ទំនងនេះ បានបង្កើតជាសហគមន៍ព្រះពុទ្ធសាសនាដែលរឹងមាំ និងរស់រវើកជាងពីរពាន់ប្រាំរយឆ្នាំមកហើយ ។

ពិធីបូជាទានបានចាប់ផ្តើម សាច់ជ្រូកខ្វៃ និងមុខម្ហូបប្រពៃណីជាច្រើនប្រភេទត្រូវបានរៀបចំឡើងសម្រាប់ពិធីជប់លៀង សហគមន៍ ក្រោយពីព្រះសង្ឃទទួលភត្តរួចហើយ អ្នកចូលរួមទាំងអស់ចាប់ផ្តើមពិសាអាហារសាមគ្គី ​រួមគ្នាដោយសេចក្តីរីករាយ ។

 

Web Friendly JPG (Part V)-24.jpg
 

ព្រះសង្ឃ និងសហគមន៍

ព្រះសង្ឃបានគង់ថតរូបនៅមុខព្រះវិហារដែលមិនទាន់រួចរាល់ វាជាខណៈពេលដ៏ស្ងប់ស្ងាត់មួយនៅក្នុងលំ ហផ្ទៃដែលព័ទ្ធជុំវិញដោយគ្រោងរន្ទាដែក និងផ្ទាំងប៉េតុងស៊ីម៉ង់ បរិយាកាសនេះ បានបង្ហាញពីអ្វីមួយយ៉ាងសាមញ្ញ ព្រះសង្ឃនៅពីក្រោយ ពុទ្ធបរិស័ទនៅពីខាងមុខ ហើយសំណង់អគារវត្តអារាមលេចរូបរាងឡើងនៅជុំវិញពួកគេ ។ (រូបភាពនេះប្រាប់យើងថា ៖ មនុស្សមកមុន អគារមកក្រោយ ព្រះធម៌មកមុន  ស្ថាបត្យកម្មមកក្រោយ សេចក្តីសទ្ធាមកមុន ហើយវត្តអារាម គឺជាផ្លែផ្កានៃសេចក្តីសទ្ធានោះ ។   

 
 

វត្តអារាមលើសពីទីសក្ការៈ

ថ្ងៃដូចជាថ្ងៃនេះ ធ្វើឲ្យយើងកាន់តែយល់ច្បាស់អំពីតម្លៃពិតនៃការងារដែលយើងកំពុងបំពេញ ។

សម្រាប់សហគមន៍ខ្មែរក្រោម វត្តអារាមមិនមែនត្រឹមតែជាកន្លែងសម្រាប់ការប្រតិបត្តិព្រះពុទ្ធសាសនាតែ

មួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីជម្រកនៃព្រលឹង ជាមជ្ឈមណ្ឌលនៃអត្តសញ្ញាណ និងជាកន្លែងដែលមនុស្សជំនាន់និមួយៗអាចត្រឡប់មកភ្ជាប់ខ្លួនឡើងវិញជាមួយភាសា ពូជពង្ស ប្រវត្តិសាស្រ្ត និងសហគមន៍របស់ខ្លួន ។

សម្រាប់ប្រជាជាតិមួយដែលបានឆ្លងកាត់ការបាត់បង់ ការផ្លាស់ទីលំនៅ និងការតស៊ូយ៉ាងយូរអង្វែង វត្តអារាមគឺជាគ្រឹះដ៏រឹងមាំសម្រាប់ស្តារសេចក្តីសង្ឃឹម ពង្រឹងអត្តសញ្ញាណ និងកសាងអនាគតសម្រាប់កូនចៅជំនាន់ក្រោយ ។ ការងារនេះមានតម្លៃព្រោះវាត្រូវបានឧទ្ទិសដើម្បីបម្រើប្រជាជន និងថែរក្សាអត្តសញ្ញាណដែលពួកគេបានបន្សល់ទុកនោះឯង ។