វត្តពុទ្ធសាសនាមួយ កំពុងបញ្ចេញរូបរាង នៅតំបន់ឈូងសមុទ្រ
ផ្នែកទីបី
គម្រោងសាងសង់នៅវត្តខ្មែរកម្ពុជាក្រោម កំពុងតែបន្តការរីកចម្រើនទៅមុខយ៉ាងសកម្ម នៅលើគ្រប់ផ្នែកការងារទាំងអស់ ខាងផ្នែកតុបតែងដំបូល យើងបានចូលមកដល់ដំណាក់កាលកំពុងលាបពណ៌ ស្របគ្នានឹងក្បាច់ជួរជើងជញ្ជាំងក៏កំពុងត្រូវបានដំឡើងផងដែរ ។ ចំណែកខាងព្រះវិហារឯណោះវិញ ក្រឡាពណ៌ក្បឿងប្រក់នៅលើដំបូលក៏កំពុងបង្ហាញអត្តសញ្ញាណនៃទីសក្ការៈឲ្យកាន់តែលេចធ្លោឡើង ។ ក្នុងផ្នែកវិវឌ្ឍនៅលើការងារបញ្ចប់ទាំងនេះ បានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងដំណើរការសាងសង់ ។
អត្ថបទនេះគឺជាផ្នែកទី ៣ នៃលំដាប់ថ្នាក់ឯកសារសាងសង់ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមស្ថាបត្យកម្ម អែនឌ្រូម៉ាន់ និងមូលនិធិពុទ្ធសាសនាខ្មែរ (Andrew Mann Architecture (AMA) and A Khmer Buddhist Foundation)
អំពីការតុបតែងគ្រឿងពណ៌
ផ្នែកគ្រឿងពណ៌ យើងបានរៀបកន្លែងមួយសម្រាប់ឲ្យក្រុមការងារតុបតែងបង្ហើយក្បាច់ចុងសំយ៉ាប (រងស្បូវ) មុននឹងលើកដំឡើង ។ គ្រឿងបំពាក់នៅចុងសំយ៉ាបបន្ទះរងស្បូវ ត្រូវតម្រៀបចេញដើម្បីឲ្យការលាបពណ៌ប្រព្រឹត្តទៅបានរលូន នឹងសមាមាត្រពណ៌មានភាពស្របគ្នាទាំងស្រុង ។
ក្នុងការលាបពណ៌ គឺយើងយកពណ៌ក្រហមធ្វើទ្រនាប់បាតក្រោម ។ បន្ទាប់មកទើបយើង លាបពណ៌មាសជាជាន់ៗ រហូតទាល់តែសព្វកន្លែង ដរាបឃើញភ្លឺថ្លារលោងបែបលោហៈ ។ ជំនួសឲ្យការគ្របដណ្តប់ផ្ទៃទាំងមូលដោយពណ៌មាស ជាងថ្នាំពណ៌បានរក្សាទុកផ្នែកខ្លះសម្រាប់លាបរំលេចពណ៌ក្រហម ដើម្បីលើកទ្រង់ទ្រាយក្បាច់ចម្លាក់ឲ្យលេចធ្លោឡើង នឹងអាចមើលពីចម្ងាយខាងក្រោមទៅឃើញក្បាច់បានច្បាស់ ។
កិច្ចការនេះ ពាក់ព័ន្ធនឹងការសិក្សា ពិគ្រោះយោបល់ ការកែតម្រូវជាបន្តបន្ទាប់ ។ អ្នកជំនាញខាងតុបតែងត្រូវសិក្សាពីលំនាំសិល្បៈខ្មែរ និងបំប្លែងជាវិធីសាស្ត្រដែលអាចជួយឲ្យក្រុមការងារនៅការដ្ឋានសំណង់បានយល់ច្បាស់ ហើយធ្វើបានត្រឹមត្រូវតាមទម្រង់ដើមរបស់រចនាបថក្បាច់ខ្មែរ ។ ក្នុងដំណាក់កាលដំបូង ក្រុមការងារបានចាប់ផ្តើមដោយការសាកល្បងផ្គុំពិសោធន៍ រកបច្ចេកទេសក្នុងផ្នែកតូចសិន រួចហើយទើបពង្រីងទៅកាន់ទ្រង់ទ្រាយធំទាំងមូលតែម្តង ។