វត្តព្រះពុទ្ធសាសនាមួយកន្លែង លេចចេញនៅតំបន់ឈូងសមុទ្រ

ផ្នែកទីពីរ

​​ដំណើរការសាងសង់បន្តប្រព្រឹត្តទៅរៀងរាល់ថ្ងៃនៅវត្តកម្ពុជាក្រោម ។ គេឃើញបុគ្គលិក-កម្មករ ជាក្រុមការងារគ្រប់ផ្នែកទាំងអស់បានមកជុំគ្នានៅការដ្ឋាន មុនពេលអរុណរះរៀងរាល់ថ្ងៃ ។ ហើយសកម្មភាពការងារទាំងឡាយក៏ចាប់ផ្តើមឡើង ទន្ទឹមគ្នានឹងពន្លឺព្រះសូរិយាចាប់ផ្តើមបំភ្លឺបរិវេណវត្តផងដែរ ។ វឌ្ឍនភាពរបស់រូបរាងសំណង់បានរំលេចចេញតាមលំដាប់លំដោយ នៅក្រោមរចនាបទ និងកិច្ចសហប្រតិបត្តិការដ៏មានទំនុកចិត្តរបស់ក្រុមស្ថាបត្យករដៃគូរបស់យើងនៅប្រទេសកម្ពុជា  ។ នៅក្រោមការសម្រិតសម្រាំងនិងផ្ចិតផ្ចង់ជាជំហានៗ គ្រោងសំណង់អគារវត្តកំពុងបង្ហាញរូបរាងរបស់ខ្លួនសន្សឹមៗមកហើយដែរ ។

នៅប្រទេសកម្ពុជាឯណោះវិញ ៖

​នៅក្នុងសរទៈរដូវ (រដូវរំហើយ) នេះ ក្រុមស្ថាបត្យកម្ម​ អែនឌ្រូ ម៉ាន់ បានធ្វើដំណើរទៅប្រទេសប្រទេសកម្ពុជាម្តងទៀត ក្នុងការបន្តកិច្ចរួមសហការដៃគូ ជាមួយក្រុមស្ថាបត្យកម្ម អេ.អូ (AO Architects) នៅទីក្រុងភ្នំពេញ​ ។ យើងបានចុះទៅដល់រោងជាងដោយផ្ទាល់ ដើម្បីពិនិត្យមើលចំណុចសំខាន់ៗនៃគម្រោងការងារផ្នែកវប្បធម៌ចម្លាក់នៅទីនោះ ។

គំនូរមត៌កក្បាច់រចនាដែលត្រូវបានអនុវត្តន៍បន្តតាំងពីរាប់សតវត្សរ៍មកហើយនោះ សព្វថ្ងៃនេះក្រុមសិប្បករខ្មែរ កំពុងតម្លើងស្ពានភ្ជាប់ចម្លាក់ប្រពៃណីបុរាណ ឲ្យចូលស៊ីសង្វាក់គ្នាជាមួយនឹងសំណង់សម័យទំនើប គឺការបញ្ចូលបច្ចុប្បន្នកាលជាមួយនិងអតីតកាលឲ្យចូលមកជិតដិតជាប់គ្នា ។ ដំណើរកិច្ចការនេះ គឺក្នុងបំណងធានាឲ្យបាននូវដំណាក់កាលវិវឌ្ឍន៍នៃសំណង់របស់យើងមានភាពសុក្រឹត នៅលើគ្រប់ផ្នែកដែលត្រូវតភ្ជាប់ ។

នៅឯការដ្ឋានសាងសង់ រដ្ឋកាលីហ្វ័រនៀ

ត្រឡប់មកកាន់ ទីក្រុងសាន់ហូស្សេ នៅទីការដ្ឋានសំណង់វត្តដែលកំពុងបន្តពេញបន្ទុក ។ ចេញពីអគារសហគមន៍ នៅមានទីធ្លាដែលយើងអាចមើលឃើញធ្លាយទៅឧបដ្ឋានសាលា  និងរោងចម្អិនអាហារប្រចាំថ្ងៃ និងព្រះវិហារនៅប៉ែកខាងកើត ។ សំយ៉ាបបន្ថែមកំពុងចេញរូបរាង ។ ក្រុមបច្ចេកទេសកំពុងដល់ដំណាក់កាលបង្ហើយប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹក ។ ផ្នែករចនាបទក៏កំពុងបន្តពេញបន្ទុកទូទាំងការដ្ឋាន តាមទួនាទីរៀងៗខ្លួន ដើម្បីសម្រួលឲ្យគម្រោងកាន់តែមានល្បឿនទៅមុខ ក្នុងផ្លូវដ៏គួរជាទីចាប់ចិត្តក្រៃលែង ។

 

ការត្រៀមបំពាក់គ្រឿងសង្ហារិម

នៅក្នុងអគារសហគមន៍ កំពុងចូលដំណាក់កាលតម្លើងពិតាន ។ បំពាក់ឧបករណ៍រក្សាសីតុណ្ហភាព (ម៉ាស៊ីនរក្សាធាតុ ត្រជាក់-ក្តៅ) តបំពង់ខ្យល់អាកាស តម្រូវឲ្យមានផាសុកភាព និងកម្ពស់ពិតានអគារ និងទៅតាមទំហំនៃបរិវេណ និងកន្លែងតម្រូវការធាតុអាកាសផ្ទៃអគារផងដែរ ។ ប្រព័ន្ធបច្ចេកទេស ត្រូវបានបញ្ជាឲ្យរក្សាគុណភាពប្រណីតបំផុត ។

នៅខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ម៉ាស៊ីនកំដៅ និងត្រជាក់ និងកង្ហារដើម្បីចលនាខ្យល់អាកាស ក្រុមជាងជំនាញបានផ្តោតការយកចិត្តទុកដាក់លើ ការថ្លឹងឲ្យមានតុល្យភាព សុវត្ថិភាព តាមផ្នែកដែលតភ្ជាប់ និងឲ្យត្រឹមត្រូវតាមគម្រោង ផ្គូផ្គងតាមរចនាបទ និងជាចុងក្រោយគឺការ បិទភ្ជិតមុខ ដើម្បីផាសុកភាពផង និងដើម្បីសោភ័ណភាពផងដែរ ។

មុនពេលបិទភ្ជិតផ្នែកជញ្ជាំងខាងក្នុងទាំងស្រុង អ្នកបច្ចេកទេសអគ្គីសនី ប្រព័ន្ធបំពង់ទឹក ចាំបាច់ឲ្យត្រូវរៀបរយ និងធ្វើការសាកល្បងធានាដំណើរការ ជាមុនឲ្យហើយសិន ទើបបិទបាន ។ ដើម្បីបិទជញ្ជាំងស្ងួតជាស្ថាពរពីខាងក្នុងបាន ល្គឹកណាប្រព័ន្ធដែលរៀបរាប់ខាងលើត្រូវបានបំពាក់រួចរាល់ល្អហើយ ទើបដំណាក់កាលនេះអាចបន្តបាន ។

ការការពារ និងសម្របសម្រួលអគ្គីភ័យ

នៅក្នុងកន្លែងគោរពសក្ការៈ កំពុងដល់ដំណាក់កាលបំពាក់បំពង់ព្រួសទឹកពន្លត់ភ្លើងស្វ័យប្រវត្តិ ។ នេះជាតំបន់ដែលស្មុគ្រស្មាញជាងគេ វាគឺជាជម្រកចរាចរណ៍​ សម្ពៀតទឹកតាមច្រករបៀង តាមផ្លូវដើរ និងព័ទ្ធព័ន្ធតាមជុំវិញអគារ ។ ទីតាំងនេះ គឺជាប្រឡោះចំហដែលអាចមើលពីក្រោមឃើញបំពង់ ទឹក-ភ្លើង និងបំពង់លូទឹក ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបំពង់ទាំងឡាយនេះ ក្រុមអ្នកបច្ចេកទេសត្រូវធ្វើដោយប្រុងប្រយ័ត្ន

បំផុត ពីព្រោះជាកន្លែងដែលទាក់ទងទៅដល់សុវត្ថិភាពជីវិតមនុស្ស ។ ជាលទ្ធផលគឺ ការតម្លើងត្រូវស្អាត និងរួមបញ្ចូលគ្នាឲ្យបានរៀបរយល្អ  ។ វាជាប្រព័ន្ធដែលរចនាឡើងសម្រាប់ការពារផង ហើយក៏ត្រូវគោរពដល់បរិវេណ និងបរិយាកាសទីតាំង ក្នុងការផ្លាស់ប្តូរផងដែរ ។

 
Web Friendly JPG-22.jpg
 

នៅផ្នែកខាងក្នុង ទីសក្ការៈ

ចាប់ពីចុងខាងលិចនៃទីកន្លែងសក្ការៈ ជាទីតាំងដាក់តម្កល់ព្រះពុទ្ធបដិមាអង្គធំ​ ​​បែរព្រះភក្ត្រឆ្ពោះទៅទិសខាងកើត ពេលបែរមើលទៅក្រោយ គេនឹងឃើញទិដ្ឋភាពរបស់ទំហំទាំងមូលនៃលំហបរិយាកាសបន្ទប់ ។ ឥឡូវនេះ បង្អួចទាំងអស់បានតម្លើងពេញអស់ហើយ គឺជារបត់មួយធ្វើឲ្យមានអារម្មណ៍ដូចជាបន្ទប់ ។

ពន្លឺចែងចាំងចូលភ្លឺច្បាស់ល្អ ដើម្បីបំភ្លឺឲ្យផ្ទៃខាងក្នុង សមល្មមទៅតាមទំនើងលំហបរិយាកាសតាមបែបសម័យថ្មី​ ។ ធ្វើឲ្យមានអារម្មណ៍រឹងមាំលក្ខណៈបរិស្ថានធម្មជាតិរំលេចចេញមក ។ សម្រាប់កន្លែងមួយដែលនឹងប្រើប្រាស់ក្នុងការជួយសម្រួលឲ្យអារម្មណ៍ស្ងប់ និងការពិចារណាបានល្អ ដំណាក់កាលការសាងសង់នៅពេលនេះ ទាមទារនូវការប្រមើលមើលជាមុន អំពីអ្វីដែលអាចកើតមាននៅពេលចុងក្រោយ ។

អំពីកិច្ចការចម្លាក់ថ្ម និង ការផ្គុំតម្លើង

នៅតាមតំបន់ដែលត្រូវផ្សំធាតុបុរាណ ផ្ទាំងថ្មចម្លាក់ជាច្រើនកំពុងត្រូវបានរៀបចំ ផ្គុំតម្លើង​ នៅទូទាំងការដ្ឋាន ។​ ការរចនាតុបតែងនេះ គឺជាកិច្ចសហការរវាងក្រុមការងារ Strata Landscape Architecture (ក្រុមបច្ចេកទេសផ្នែកទេសភាពសួនច្បារ)  ជាមួយក្រុមជាងក្បាច់នៅប្រទេសកម្ពុជា ។ ការផលិតគឺនៅមូលដ្ឋាន រដ្ឋកាលីហ្វ័រនៀ តែម្តង ដោយប្រើប្រាស់ផលិតផលសម្រេចធ្វើជា សមាសធាតុផ្សំ ស្នាដៃទាំងនេះ ឆ្លុះបញ្ចាំងអំពី ភាសាវិជ្ជា ដែលបានបង្កប់នៅក្នុងប្រពៃណីបុរាណរបស់មនុស្សខ្មែរ ។

ការផ្គុំតម្លើងតម្រូវឲ្យមានការប្រុងប្រយ័ត្ន ហើយច្បាស់លាស់មែនទែន តាំងពីការតម្រៀបផ្គុំ មុខតំណ និងផ្ទាំងថ្មដែលត្រូវតម្រឹម ដែលសុទ្ធតែជាសមាសធាតុមានសារៈសំខាន់ ។ ក្រុមការងារប្រើប្រាស់វិធីសាស្ត្រដែលមានមូលដ្ឋានរឹងមាំបំផុត ដើម្បីធានាឲ្យការងារស្អាត និងសុក្រឹត ។

សារធាតុបន្ថែមទាំងនេះ ​ចាប់ផ្តើមបង្ហាញនៅផ្នែកនៃផ្ទៃខាងក្រៅតាមរបៀបថ្មីមួយ ខណៈពេលដែលបំពាក់ចូលទៅ វាធ្វើឲ្យមានលក្ខណៈស្រទន់ នៅតាមតំបន់ខ្លះៗ នឹងជួយឲ្យកាន់តែមានសភាពលេចធ្លោជាងនៅតាមតំបន់ផ្សេងទៀត សារធាតុទាំងនេះ ក៏នឹងជួយបន្ថែមសោភ័ណភាព នៃវាយនភាព និងអត្តសញ្ញាណរបស់ស្ថាបត្យកម្ម​​មួយកម្រិតទៀត ។

 
 
 

ការចាក់ប៉េតុង និង សួនសមាធិ

នៅក្នុងសួនសមាធិ ផ្ទាំងប៉េតុងថ្មីកំពុងដំណើរការទៅមុខ ។ នៅទីនេះ នឹងបម្រើឲ្យអ្នកប្រាថ្នាភាពស្ងប់ស្ងាត់ ធ្វើសតិប្បដ្ឋាន តាំងចិត្តពិចារណាស្វែងរកវិធីរំដោះខ្លួនចេញពីសេចក្តីទុក្ខ សម្ងប់អារម្មណ៍ដើម្បីសន្តិភាពផ្លូវចិត្ត ។

កៅអីធ្វើពីប៉េតុងដែលទើបចាក់ហើយថ្មីៗ កំពុងចាប់ផ្តើមរៀបពង្រាយនៅតាមព្រំគែមៗសួនច្បារ ។ មិនដូចគ្នាទៅនឹងការចាក់ប៉េតុងតាមគែមជុំវិញ​ ដែលថ្ងៃក្រោយអាចត្រូវគ្របបាំងជិតដោយស្មៅ ឬមែកឈើនោះទេផ្ទាំងប៉េតុងនេះ នឹងនៅបង្ហាញមុខយ៉ាងពេញលេញ ។ កម្រិតនៃការងារបញ្ចប់នេះ ទាមទារការស៊ីសង្វាក់គ្នាជាចាំបាច់ ។ ក្រុមការងារត្រូវចាក់សសរបង្គោល រួចបកពុម្ពចេញ និងបំពេញសសរចុងក្រោយក្នុងលំដាប់ជាប់គ្នា ដើម្បីធានាបាននូវលទ្ធផលរលូន និងស៊ីសង្វាក់គ្នាបំផុត ។

ប្រតិបត្តិការនេះ ត្រូវប្រើបទពិសោធន៍ និងទំនុកចិត្តខ្ពស់ ។ សមាជិកក្រុម ត្រូវយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួនម្នាក់ៗ  ប្រព័ន្ធការងារបត់បែន និងការពិគ្រោះយោបល់គ្នា ការតាំងចិត្ត និងទឹកចិត្តស្រឡាញ់ ។ លទ្ធផលមើលឃើញដូចជាសាមញ្ញទេ ប៉ុន្តែដំណើរការដើម្បីទៅដល់ទីនោះ ពិតជាមិនសាមញ្ញសោះឡើយ ។

 
 
 

ផ្នែកកុដិព្រះសង្ឃគង់នៅ

កុដិព្រះសង្ឃគង់ ស្ថិតនៅលើជាន់មួយដែលបានកំណត់ នៅលើអគារសហគមន៍ធំទូលាយ  ។ នៅខាងក្នុង បន្ទប់តូចៗមួយចំនួន កំពុងលេញចេញរូបរាងហើយដែរ កន្លែងនេះ គឺសម្រាប់បម្រើឲ្យការរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ ។

ពុទ្ធសាសនា គណៈថេរវាទ បង្កើតឡើងឈរលើមូលដ្ឋានទំនុកចិត្ត សាមគ្គីភាព រវាងសង្ឃ និងសង្ឃ បរិស័ទ និងបរិស័ទ និងសង្ឃនិងបរិស័ទ ។ ព្រះសង្ឃប្រឹងប្រែងខ្លួនក្នុងកិច្ចប្រតិបត្តិកិច្ចសិក្សា និងកិច្ចប្រៀនប្រដៅ ។ ជាកិច្ចតបវិញ ប្រជាពុទ្ធបរិស័ទផ្តល់ការទំនុកបម្រុង ឧបត្ថម្ភអាហារ និងបច្ច័យ ៤ ។ ការផ្តល់ឲ្យគ្នា ទៅវិញទៅមកបែបនេះ គឺជាគ្រឹះដ៏រឹងមាំនៃសប្បុរសធម៌ មេត្តាចិត្តចំពោះគ្នានឹងគ្នា និងការរួមចំណែកទទួលខុសត្រូវក្នុងជីវភាពសហគមន៍ ។

ដូចដែលបានរៀបរាប់ជូនក្នុងវគ្គទី ១ រួចមកហើយ អំពីការកាន់វស្សារយៈពេល ៣ ខែរបស់ព្រះសង្ឃ ក្នុងរដូវភ្លៀងជោគជាំនោះ ។ ក្នុងរយៈពេលនោះ ជាពេលដែលព្រះសង្ឃសម្ងំស្ថិតនៅក្នុងវត្តនិមួយៗ ដើម្បីផ្តោតចិត្តប្រតិបត្តិ ព្រះធម៌វិន័យ និងសមាធិ ។ នៅបន្ទាប់ពីចេញវស្សា គឺជារដូវ បុណ្យកឋិន រយៈមួយខែពេញ ។ ក៏ក្នុងរដូវកឋិននេះដែរ ពុទ្ធបរិស័ទទំនុកបម្រុងសំពត់ចីវរ និងគ្រឿងបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗចំពោះព្រះសង្ឃ ។ កាយវិការទាំងនេះគឺជានិមិត្តរូបនៃការបន្តផ្សាភ្ជាប់ជានិច្ច នូវកិច្ចចែករំលែកសេចក្តីសុខឲ្យគ្នាទៅវិញទៅមក ក្នុងការពង្រឹងភាពជិតស្និទ្ធថែទាំគ្នានៃសង្គមសង្ឃ និង ប្រជាពុទ្ធបរិស័ទ ។

នៅក្នុងឱកាសនៃការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញម្តងទៀតនោះ ក្រុមការងារបានឆ្លៀតចូលគោរពថ្វាយបង្គំ និងជួបពិភាក្សាជាមួយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសង្ឃមួយអង្គមានឋានៈខ្ពស់ក្នុងចំណោមគណៈសង្ឃថ្នាក់ខ្ពស់នៅក្នុងប្រទេស និងជាព្រះសង្ឃមួយរូបមានទម្ងន់សម្លេងក្នុងវិស័យទស្សនវិជ្ជាព្រះពុទ្ធសាសនា ។ ទស្សនៈ និងបទបង្ហាញរបស់ព្រះអង្គបានផ្តល់នូវការរំលឹកដ៏មានអត្ថន័យ អំពីតម្លៃ និងគុណធម៌ ដែលបូជនីយដ្ឋានថ្មីត្រូវបើកបម្រើជាប្រយោជន៍ដល់សាធារណជន ។

ក្នុងខណៈពេលដែលការកសាងបន្តទៅមុខនៅរដ្ឋកាលីហ្វ័រនៀ ក្រុម អេ.អឹម.អេ (AMA) និងមូលនិធិពុទ្ធសាសនាខ្មែរ បន្តដំណើរទៅមុខដោយភាពស្ងប់ស្ងាត់ និងមុតមាំ និងឆន្ទៈរួម ក្នុងគោលបំណង គោរពប្រពៃណី ដែលលាតសន្ធឹងឆ្ងាយហួសពីការដ្ឋានសំណង់វត្ត ហើយនិងដែលផ្តើមចេញពីការហត្ថកម្ម បញ្ញា និងការបូជារបស់មហាជន ។

 
 

Andrew Mann Architecture
Architecture

AO Architects, Phnom Penh
Traditional ornamentation and design

Antonio Martins Interior Design
Interior Architecture

Strata Landscape Architecture
Landscape Architecture

OARCON
Contractor

Saul Estrada
Photography